យុវជន រិទ្ធី នាថ៖ ទៅពីភ្នំពេញចូលរួមម៉ារ៉ាតុង ព្រោះចង់ឲ្យគ្រប់គ្នាងាកគិតគូរពីសុខភាព
យុវជនវ័យក្មេង រិទ្ធី នាថ សុខចិត្តធ្វើដំណើរពីភ្នំពេញទៅចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅសៀមរាប ក្នុងគោលបំណងបំផុសឲ្យអ្នកផ្សេងៗដែលមិនគិតគូលើបញ្ហាសុខភាពឲ្យងាកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ថែតាមរយៈការលេងកីឡា។រិទ្ធី នាថ បានឲ្យដឹងថា រូបគេពេញចិត្តចំពោះការចំណាយពេលក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនៅសៀមរាបនេះ។ ការមកចូលរួមនេះធ្វើឲ្យរូបបានហ្វឹកហាត់ពង្រឹងសុខភាព បានជួបជុំជាមួយមិត្តភ័ក្ដិ និងមួយទៀតបំផុសគំនិតដល់មហាជនមួយចំនួនដែលមិនបានគិតគូរដល់រឿងសុខភាពឲ្យចាប់ហាត់ប្រាណ មើលថែរក្សាសុខភាពផងដែរ។យុវជនវ័យ ២១ ខាងលើនេះបន្ថែមទៀតថា ការចូលរួមនេះមិនត្រឹមតែទទួលបានសុខភាពល្អ ទទួលបានបរិយាកាសថ្មី ថែមទាំងជាការចូលរួមជួយសង្គមផងដែរតាមរយៈថវិកាដែលចុះឈ្មោះ។ ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការក្រៅរដ្ឋាភិបាល ដូច្នេះមានកម្មវិធីក្រោយៗរូបគេនឹងចូលរួមបន្តបន្ទាប់ទៀត។រំលឹកដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៧ នេះបានបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ អ្នកចូលរួមប្រហែលជាង ២០០០នាក់៕