សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចេញសារបន្ទាន់«​គ្មាន​ការ​បង់ប្រាក់​ណាមួយ​ត្រូវធ្វើ សម្រាប់​អ្នក​ចូល​ទៅ​ក្នុង​ពិធី​បើក ពិធី​បិទ និង​ចូល​ទៅ​ទស្សនា​គ្រប់​វិញ្ញាសារ​នៃ​ការ​ប្រកួត​។ មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកលក់​សំបុត្រ​នោះ​ឡើយ ប្រជាជន​មិន​ត្រូវការ​បង់ថ្លៃ​ទេ​»​

រាជធានី​ភ្នំពេញ​៖ «​គ្មាន​ការ​បង់ប្រាក់​ណាមួយ​ត្រូវធ្វើ សម្រាប់​អ្នក​ចូល​ទៅ​ក្នុង​ពិធី​បើក ពិធី​បិទ និង​ចូល​ទៅ​ទស្សនា​គ្រប់​វិញ្ញាសារ​នៃ​ការ​ប្រកួត​។ មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកលក់​សំបុត្រ​នោះ​ឡើយ ប្រជាជន​មិន​ត្រូវការ​បង់ថ្លៃ​ទេ​»​។ នេះ​ជា​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​នា​រសៀល​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២៣​។

Picture

សារ​របស់​សម្តេច​តេ​ជោ ដែល​មាន​រយៈពេល​ប្រមាណ ៥ នាទី ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​មានការ​ចែកចាយ​ព័ត៌មាន​យ៉ាង​ផុសផុល​ថា នឹង​មានការ​លក់​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គែ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ខាង​មុខ​នេះ​។

សម្តេច​តេ​ជោ បាន​បន្ត​ថា «​ក្នុង​ករណី​មានការ​ទាមទារ​ណាមួយ សូម​ប្រើ​ហ្វេ​ស​ប៊ុ​ក​បញ្ជូន​ព័ត៌មាន​តាម​ឱ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​យើង​រក​ឃើញ​នូវ​ជន​អាក្រក់​ដែល​បង្កប់ខ្លួន​នៅ​ក្រោម​រូបភាព​នៃ​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​»​។

ក្នុង​សារ​ជា​សំឡេង​ផ្ញើ​ជូន​ជនរួមជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​បាន​ទទួល​ព័ត៌មាន​ពី​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រឿង​មានការ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​កីឡា ស៊ី​ហ្គេ​ម ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត នៅ​ខែឧសភា​ខាង​មុខ​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ច្បាស់​ថា មិន​ឱ្យ​លក់​សំបុត្រ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម រាប់​ទាំង​កម្មវិធី​បើក និង​បិទ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ជា​ដាច់ខាត​។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា​យើង​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ទាំង​មូលដ្ឋាន​សម្ភារៈ បច្ចេកទេស ក៏​ដូច​ជា​ជំនួយ​ពី​មហាមិត្ត​ចិន សម្រាប់​ការ​កសាង​នូវ​មូលដ្ឋាន​នៃ​ការ​ប្រកួត ព្រមទាំង​ចំណាយ​នូវ​ធនធាន​ជា​ច្រើន សម្រាប់​ការ​កសាង​នូវ​រចនាសម្ព័ន្ធ​ដទៃ​ទៀត រាប់រយ​លាន​ដុល្លារ និង​ចំណាយ​ជា​ច្រើន​ឆ្នាំ ទម្រាំ​កើត​ចេញ​នូវ​ការ​ប្រកួត​។ ដូច្នេះ​សម្តេច​តេ​ជោ បញ្ជាក់​ថា សម្តេច​មិន​យល់ព្រម​ដាច់ខាត ឱ្យ​មានការ​លក់​សំបុត្រ ទាំង​ពេល​ចូល​បើក និង​ពិធី​បិទ ក៏​ដូច​ជា​ពេល​ប្រកួត​កីឡា​ផ្សេង​ៗ​ទៀត ក្នុង​រយៈពេល​ស៊ី​ហ្គេ​ម​នេះ​។

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​សំបុត្រ និង​តម្លៃ​សំបុត្រ ចូល​ទស្សនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​លើ​វេ​ប​សាយ​ផ្នែក​កីឡា​នា​ពេល​ថ្មី​ៗ​នេះ គឺ «​មិន​មានការ​ឯកភាព​យល់ព្រម​ពី​សម្តេច ទៀ បាញ់​» ដែល​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ហើយ​ក៏ «​មិន​មានការ​ឯកភាព​យល់ព្រម​ពី​សម្តេច ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឡើយ​»​។

​ក្នុង​សារ​សម្លេង​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ៣​ចំណុច​៖ ទី​១-​មិន​ឱ្យ​មានការ​លក់​សំបុត្រ ទាំង​ការ​ចូល​បើក និង​ពិធី​បិទ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​។ ទី​២-​បើក​ឱ្យ​មហាជន ចូល​ទស្សនា​ដោយ​សេរី ដោយ​គ្មាន​ការ​បង់ប្រាក់ និង​ទី​៣-​ចំពោះ​រាល់​ការ​ប្រកួត​តាម​វិញ្ញាសា​នានា ក៏​មិន​ត្រូវ​បង់ថ្លៃ​នោះ​ឡើយ​។​«​យើង​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ហើយ​។ ដូច្នេះ​សូមអ្នក​ទាំងអស់​គ្នា យកចិត្តទុកដាក់​។ «​ធ្វើបុណ្យ ១០០​សំពៅ ទោស​១ ចូល​ទៅ រលាយ​បាត់​អស់​»​។ សូម​ចាំ​ពាក្យ​នេះ​។ យើង​ចាយ​លុយរាប់​រយ​លាន​ដុល្លារ សម្រាប់​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ តើ​យើង​ប្រមូល​លុយ តាម​រយៈ​ការ​លក់​សំបុត្រ​ឱ្យ​ជនជាតិ​ឯង ដែល​ត្រូវ​ចូល​ទស្សនា​នេះ របៀប​ម៉េច​ទៅ? ហើយ​តើ​បាន​ប៉ុន្មាន​ទៅ? បើ​អ្នក​ទាំងអស់​គ្នា ចង់បាន​លុយ សូម​មក​យក​ពី​ខ្ញុំ​។ ខ្ញុំ​ទទួលខុសត្រូវ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ សម្តេច​តេ​ជោ បាន​សម្តែង​ការ​ហួសចិត្ត និង​មិន​នឹក​ស្មាន​ដល់ ថា មន្ត្រី​របស់​យើង​មួយ​ចំនួន ខ្វះ​ការ​គិតគូរ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ នេះ​ជា​ការ​ស្តីបន្ទោស​លើក​ដំបូង​របស់​សម្តេច តាំងពី​ការ​រៀបចំ​ស៊ី​ហ្គេ​ម​។ ប៉ុន្តែ​នេះ​មិនមែន​ជា​កំហុស​របស់​សម្តេច ទៀ បាញ់ នោះ​ឡើយ​។ តែ សម្តេច ប្រកាស​ថា សម្តេច​នឹង​ខិតខំ​រកមុខ​អ្នកលក់​សំបុត្រ​ស៊ី​ហ្គេ​ម​នេះ ដែល​នេះ មិនមែន​ជា​ការ​លេងសើច​ទេ តែ​នេះ​ជា​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល ចំពោះ​មុខ​ប្រជាជន ដែល​យើង​បាន​ចំណាយពេល​រង់ចាំ​អស់​ពេល ៤៤​ឆ្នាំ និង​រង់ចាំ​យ៉ាងច្រើន ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដ៏​អស្ចារ្យ​មួយ​នេះ​៕

Picture
អត្ថបទដែលជាប់ទាក់ទង