ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសអាស៊ាន ត្រូវបានបិទបញ្ចប់នៅប្រទេសឡាវ

CAMSOC-វៀងចន្ទន៍៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ប្រកបទៅដោយភាពជោគជ័យ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ពិធីដែលបានធ្វើឡើងនៅព្រឹកព្រលឹម មានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, ឯកឧត្តម Atsphangthong Siphandone អភិបាលរដ្ឋធានីវៀងចន្ទន៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកឡាវ, លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម Alounxay Sounnalath រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី, លោកជំទាវ Khanthaly Siriphonghane អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា និងជាប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកឡាវ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ថ្លែងមុនពិធីរត់ដង្ហែចាប់ផ្ដើម លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃប្រទេសឡាវ គណៈកម្មាធិការអូឡាំពិកឡាវ គណៈកម្មាធិការប៉ារ៉ាឡាំពិកឡាវ សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ លោកជំទាវមានប្រសាសន៍បន្តទៀតថា ពិធីរត់ភ្លើងគប់នៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងងពីទំនាក់ទំនងរបស់ប្រទេសទាំងពីរផងដែរ។

ស្របពេលជាមួយគ្នា ឯកឧត្តម Alounxay Sounnalath រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរដល់កម្ពុជា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងក៏ដូចជាដំណើរនៃការមកដល់ព្រះអគ្គិជ័យកីឡា នៅប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ មុននឹងត្រឡប់ទៅកាន់កម្ពុជាវិញ។

ដោយឡែក បេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន ក៏បានមានប្រសាសន៍ផងដែរថា៖ «កម្ពុជា-ឡាវ គឺជាប្រទេសដែលមានចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយឈរលើស្មារតីនៃអ្នកជិតខាងដ៏ល្អ មានសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក»។

ឯកឧត្តមបន្ថែមថា កម្ពុជា ‘ព្រះរាជាណាចក្រអច្ឆរិយៈ’ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក។ សូមទទួលបានភាពកក់ក្ដៅក្នុងកំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៥,៥គីឡូម៉ែត្រ ចេញពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទៅបញ្ចប់នៅរមណីយដ្ឋានមហាចេតីយផាថាតហ្លួង ដោយមានមន្ត្រី អ្នកមុខអ្នកការ ក្រុមកីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋអមតាមផ្លូវសរុបជាង ១,៥០០នាក់។

ឡាវ គឺជាប្រទេសចុងក្រោយគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវឆ្លងកាត់បន្ទាប់ពីការចាប់ផ្ដើមនៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ស្របពេលដែលប្រទេសព្រុយណេ ខកខានរៀបចំពិធីទទួល ដោយសារប្រទេសនេះ ស្ថិតក្នុងខែបួស រ៉ម៉ាដន។

ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង មុននឹងបន្តដំណើររត់តាមបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ៕

អត្ថបទដែលជាប់ទាក់ទង