អុញ! ឃើញផ្អែមល្ហែមសុខៗ សង្សារនាយ ចឺម បែរប្រកាសថាចប់គ្នា និង ដេញឱ្យគូស្នេហ៍ទៅរកអ្នកថ្មី
ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រគូស្នេហ៍តារាចម្រៀងវ័យក្មេង នាយចឺម និង សង្សារបណ្ដូលចិត្តគឺអ្នកនាង សេង សុខឃីម ក្រោយនៅសុខៗក៏មានការទម្លាយដំរួយហាក់ដូចជាស្នេហារបស់អ្នកទាំងពីរកំពុងជួបរឿងរកាំរកូសនឹងគ្នា។
រឿងរ៉ាវសង្ស័យមួយនេះបានកើតឡើងបន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងអត្ថន័យប្លែកៗដូចស្នេហារវាងនាង និង នាយចឺម បានបែកគ្នាទៅហើយ លើសពីនេះក្នុងអត្ថន័យសារនោះអ្នកនាងថែមទាំងបានដេញឱ្យគូស្នេហ៍ទៅរកមនុស្សស្រីដែលស្អាត ស្ដាប់បង្គាប់លោកជាងខ្លួនទៀតផង។
សេង សុខឃីម បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា ៖ «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន ចប់គ្នាតាមសម្រួលជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រឡាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ»។
ទោះជាបែបនេះ អ្នកនាង សេង សុខឃីម មិនបានបញ្ជាក់ច្បាស់លាស់ទេថា ស្នេហារវាងនាង និង នាយចឺម ដើរដល់ផ្លូវបំបែកពិតមែនឬយ៉ាងណានោះ មានតែរង់ចាំសាមីខ្លួនបញ្ជាក់ការពិតនៅពេលក្រោយប៉ុណ្ណោះ៕