Si Siwat ទម្លាយមូលហេតុរៀបការអស់ជាង ៨ ឆ្នាំ តែមិនមានកូនមួយគ្រាប់នឹងគេ
មហាជនមួយចំនួនមុខជាបានដឹងហើយថា Si Siwat និង Amy Klinpratoom គឺជាគូស្វាមីភរិយាតារាប្រុសស្រីដែលមានកេរ្តិ៍ឈ្មោះល្បី មានទាំងរូបសម្រស់ និង សមត្ថភាពរៀងខ្លួន។
ក្រោយដឹកដៃគ្នាចូលរោងការនៅឆ្នាំ ២០១៤ គេសង្កេតឃើញគូស្វាមីភរិយាគូនេះ ហាក់ផ្អែមល្ហែមជាមួយគ្នាជាខ្លាំង ដោយតែងបង្ហោះរូបភាពស្និទ្ធស្នាលគ្នាជាញឹកញាប់ក្នុងបណ្តាញសង្គម ហើយបណ្តើរគ្នាទៅណាមកណាទាំងត្រសង។
យ៉ាងណាមិញ ក្រោយរៀបការជាង ៨ ឆ្នាំ មិនមានកូន ១ គ្រាប់នឹងគេ Si Siwat ក៏បានទម្លាយមូលហេតុថា ៖ «ខ្ញុំក៏ព្យាយាមរួចមកហើយ តែយ៉ាងណាក៏វាមិនមាន ហើយពួកយើងក៏មកនិយាយគ្នា ហើយ Amy បាននិយាយជាមួយខ្ញុំថា នៅបែបនេះក៏មានក្តីសុខដែរ យើងចង់ទៅណាមកណា ធ្វើអីក៏មិនបាច់មានអ្វីត្រូវខ្វល់ច្រើន»។
«ភាគច្រើនគេសួរពួកខ្ញុំថា ចុះពេលចាស់ទៅបានអ្នកណាមើលថែ? តាមពិតទៅពួកខ្ញុំបានពិគ្រោះជាមួយខាងមណ្ឌលថែទាំរួចផងដែរ បើពួកយើងចាស់ស្លាប់ទៅ ផ្ទះនេះក៏អាចនឹងបានទៅអ្នកផ្សេង ចំណែកផ្ទះដែលយើងសាងរួមគ្នាក៏អាចបន្តឱ្យកូន ឱ្យចៅ ក្មួយ ហើយពួកយើងក៏មានច្រើនហើយដែរ។ បើសួរថាចង់មានកូនទេ ខ្ញុំផ្ទាល់គឺចង់បានណាស់ តែភរិយាខ្ញុំគាត់មិនចង់មាន ហេតុដូចនេះខ្ញុំតាមប្រពន្ធខ្ញុំ ព្រោះតែគាត់ជាមនុស្សដែលខ្ញុំស្រឡាញ់បំផុត»។
«ពួកយើងក៏ធ្លាប់ទៅពិភាក្សាជាមួយពេទ្យ ពេទ្យក៏ប្រាប់ថាឱ្យប្រញាប់យកកូន ព្រោះតែឥលូវនេះពួកយើងចូលវ័យ ៤០ ឆ្នាំហើយ។ ខ្ញុំក៏ធ្លាប់គិតថា បើមានកូនឥលូវទម្រាំកូនរៀនចប់បរិញ្ញា ម៉ែឪវ័យ ៦០ ឆ្នាំបណ្តោយ ពួកយើងមុខជាអង្គុយកៅអីរុញទៅអបអរកូនថ្ងៃទទួលបរិញ្ញាមិនខាន។ យ៉ាងណាក៏បណ្តោយតាមធម្មជាតិ អនាគតខ្ញុំមិនដឹងថាយ៉ាងណា តែរាល់ថ្ងៃនេះពួកយើងគឺមានក្តីសុខ វាគ្រប់គ្រាន់ហើយ»៕