កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅរយៈពេល ៧ខែឆ្នាំនេះ

សៀមរាប៖ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នារសៀលថ្ងៃទី១សីហា ឆ្នាំ២០២៤។

គ្រឹះស្ថានអង្គរបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៤៨៤ ៣៧៥នាក់ ពោលគឺកើនឡើង៣៣ភាគរយ និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាម៉េរិក កើនឡើង៣៣,៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន ២ ៨១៩ ៧៣៥ដុល្លារ​អាម៉េរិក​ ​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​​ចូលទស្សនារមណីយដ្ឋានអង្គរចំនួន៦២ ៤២៥នាក់​។ ទន្ទឹមនឹងគ្នានោះ ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរសម្រាប់រយៈពេល៧ខែនេះ មានចំនួន១៧៧ ៣១៥ ដុល្លារ ពីអ្នកទេសចរបរទេស១១ ៨២១នាក់ និងការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសបានចំនួន៤៧៣ ៦២២ដុល្លារអាម៉េរិកផងដែរ។

ស្ថាប័នដដែលបន្ថែមថា រយៈពេល៧ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ ១៦៨ ៧៥០ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ គិតត្រឹម១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៥៦ ៤២៣នាក់។ ដោយឡែក ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប៤៦៦ជើងហោះហើរក្នុងនោះ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន៣៤៥ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន១០២ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៩ជើងផងដែរ៕

សៀមរាប
ប្រាសាទអង្គរវត្ត
អត្ថបទដែលជាប់ទាក់ទង