នាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation បញ្ជាក់ថារោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជានឹងរួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤

រោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា នឹងសាងសង់រួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ព្រមទាំងសម្ពោធដាក់ឲ្យដំណើរការក្នុងឆ្នាំថ្មីនេះតែម្ដង។ នេះបើតាមការលើកឡើងរបស់លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។

នៅក្នុងជំនួបនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ដ្រី បានស្វាគមន៍ ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា ។ ជាមួយនិងការទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេលទៅនិងឆ្នាំ២០២៤ គឺជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការសរបញ្ជាក់យ៉ាងប្រត្យក្សច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្តេចធិបតី បានសម្តែងនូវភាពជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ ។ លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបផងដែរថា រោងចក្រដំឡើងរថយន្ដ Toyota នេះគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ។ ដោយក្នុងនោះក្រុមហ៊ុនបានបោះទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៣៦,៧ លានដុល្លារឯណោះ៕

អត្ថបទដែលជាប់ទាក់ទង