Influencer ល្បី រ៉េននី ដារ៉ា ទម្លាយខ្ទេចគ្មានសល់ពីទំនាក់ទំនងដ៏ស្អិតរមួតជាមួយ ក្សត្រា
រយៈពេលច្រើនឆ្នាំមកហើយដែលប្រិយមិត្តទស្សនិកជន ជាពិសេសហ្វេនៗនាំគ្នាងើយឆ្ងល់ពីទំនាក់ទំនងដ៏ស្អិតរមួតរវាង Content Creator ២រូប គឺ រ៉េននី ដារ៉ា និង ក្សត្រា ដែលជាតួអង្គក្នុងរឿង BL (Boy Love) បែបយុវវ័យ វាយោ និងសមុទ្រ។
តាមរយៈសកម្មភាព និងទង្វើរដ៏ផ្អែមល្អែម ហើយស្និទ្ធស្នាលគ្នាខ្លាំងរបស់កំលោះសង្ហាទាំងពីររូបនេះ ធ្វើឱ្យគ្រប់គ្នារឹតតែចង់ដឹងពីទំនាក់ទំនងក្រៅឆាករបស់អ្នកទាំងពីរ ព្រោះអ្វីដែលបានបង្ហាញចេញទៅជាសាធារណៈហាក់បីដូចជាស្និទ្ធស្នាលលើសពីមិត្តភ័ក្ត។ ប៉ុន្តែ អ្នកទាំងពីរក៏ពុំដែលបដិសេធចំពោះអារម្មណ៍ល្អៗដែលមានចំពោះគ្នានោះដែររ។
យ៉ាងណាមិញ ជាការស្រាយចម្ងល់របស់ប្រិយមិត្តអ្នកគាំទ្រ កំលោះសង្ហា រ៉េននី ដារ៉ា បានចេញមុខទម្លាយខ្ទេចគ្មានសល់ពីទំនាក់ទំនងដ៏ស្អិតរមួតជាមួយ ក្សត្រា ឱ្យប្រិយមិត្តបានដឹង។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានសិល្បៈ ក្នុងរាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញាស្រុកស្រែ កាលពីពេលថ្មីៗ អតីតជយលាភីលេខ១ កម្មវិធី Cambodian Net Idol បានបញ្ជាក់ច្បាស់ៗថា លោក និង ក្សត្រា មិនមែនជាសង្សានោះឡើយ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរស្និទ្ធស្នាលលើសពីពួកម៉ាកទៅទៀត។
លោកចង់ឱ្យគ្រប់គ្នាទស្សន៍ទាយសាកមើលថា បើទំនាក់ទំនងរបស់អ្នកទាំងពីរ មិនមែនជាសង្សារតែលើសពីពួកម៉ាក តើយើងហៅទំនាក់ទំនងមួយនេះជាអ្វីវិញ?
ឱ្យដឹងបន្តដោយទឹកមុខញញឹមប្រិមប្រិយ Content Creator ល្បីឈ្មោះរូបនេះថា លោកមិនខ្លាចរអាក្នុងការបង្ហាញឱ្យគ្រប់គ្នាឃើញពីភាពជាខ្លួនឯងនោះឡើយ ដោយជឿជាក់ថា អ្វីដែលលោកបានបង្ហាញចេញទៅ មិនបានធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ឬជះផលវិជ្ជមានណាមួយនោះឡើយ។ ផ្ទុយទៅវិញ វាជាការបង្រៀនឱ្យគ្រប់គ្នាស្គាល់ពីតម្លៃនៃភេទ និងផ្តល់តម្លៃឱ្យយេនឌ័រឱ្យបានស្មើរៗគ្នា។
ថ្មីៗកន្លងទៅនេះ គេបានឃើញ ក្សត្រា បង្ហោះបញ្ចប់រឿងរ៉ាវ វាយោ និង សមុទ្រ ធ្វើឱ្យហ្វេនៗមួយចំនួនកើតការងើយឆ្ងល់ និងបារម្ភពីទំនាក់ទំនងក្រៅឆាករបស់តួអង្គទាំងពីរ។ ពាក់ព័ន្ធរឿងនេះ រ៉េននី បានឱ្យដឹងថា លោក និង ក្សត្រា គ្មានបញ្ហារកាំរកូសគ្នាអ្វីឡើយ គ្រាន់តែរយៈពេលចុងក្រោយនេះ អ្នកទាំងពីរមានការងារផ្សេងគ្នាច្រើន ទើបពុំសូវបានបង្ហាញភាពសិទ្ធស្នាល ឬផលិតវីដេអូជាមួយគ្នាច្រើនដូចមុន។
ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលស្រលាញ់ពេញចិត្ត វាយោ សមុទ្រ និងគ្រួសារខ្ចៅខ្យង ប៉ុន្តែលោកពិតជាសោកស្តាយដែលត្រូវប្រកាសលា វាយោ និង សមុទ្រ ត្រឹមតែប៉ុណ្ណឹង ដោយសារតែរកដៃគូសហការឧបត្ថម្ភ និងអ្នកដឹកនាំផលិតរឿងនេះបន្តពុំបាន។
Influencer ដ៏មានឥទ្ធិពលក្នុងដួងចិត្តយុវវ័យរូបនេះ ពិតជសោកស្តាយដែលត្រូវបោះបង់ចោលក្តីស្រមៃដ៏ធំនេះទាំងកណ្តាលទៅ តែលោកពិតជាគ្មានជម្រើសឡើយ មានតែសូមផ្ញើរតួអង្គទាំងពីរនេះជ្រកក្នុងបេះដូងរបស់បងប្អូនទាំងអស់។
ទោះជាយ៉ាងនេះក្តី លោក និង កំលោះថ្ពាល់ខួច ក្សត្រា នៅមាន project ធំមួយទៀត ត្រៀមសម្រាប់ពញ្ញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រនាចុងឆ្នាំ២០២៤ ធានាថា គ្រប់គ្នានឹងភ្ញាក់ផ្អើលជាមួយភាពថ្មីប្លែកដែលអ្នកទាំងពីរត្រៀមផ្តល់ជូន៕