សៀវភៅធ្វើម្ហូបខ្មែររបស់យើង “សោយ” ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ
ពិតជាអស្ចារ្យ និងរីករាយជាទីបំផុត សម្រាប់កម្ពុជានាពេលថ្មីៗសៀវភៅរបស់ចុងភៅខ្មែរដ៏ល្បីល្បាញ រស់ រតនៈ ឬភាគច្រើនគេច្រើនថា Chef Nak បានទទួលជយលាភី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក។

កម្មវិធីដែល Chef Nak បានចូលរួមនោះមានឈ្មោះថា Gourmand World Cookbook Award រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយជាពិសេសឆ្នាំនេះកម្មវិធីជ្រើសរើសទីក្រុង Riyadh នេះ គឺភ្ជាប់ជាមួយកម្មវិធី Saudi Feast Food Festival។

ក្រោយទទួលបានពានលោកស្រីបានបង្ហោះវីដេអូ និងខ្លឹមសារថា “ក្រោយយើងទទួលបានជយលាភី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” ដែលនេះជាមោទនភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង “សោយ” ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ”។
គួរបញ្ជាក់ផងដែរថា Chef Nak ជាចុងភៅស្រ្តីខ្មែរជាដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់ Gourmand Award ក្នុងវិស័យម្ហូបអាហារ តាមរយៈសៀវភៅធ្វើម្ហូបខ្មែរឈ្មោះ ថា «សោយ» (SAOY) បានជាប់ជយលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក (Best Of The Best Cookbook In The World)»៕
