ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបានលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ទន្ទឹមនឹងនេះ មានចរន្តខ្យល់ក្តៅ ហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យអាកាសធាតុនៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023៖
១-តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី៣០-៣៤°C ហើយមានខ្យល់បក់ពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី ១-៣ម៉ែត្រ/វិនាទី
ភ្លៀងលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននៅភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ៣០% នៃផ្ទៃដី។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមា មានពី២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី៣០-៣៤°C និងមានខ្យល់បក់ពីទិសឦសាន និងខាងកើត ក្នុងល្បឿន ១-៣ម៉ែត្រក្នុងមួយវិនាទី។
ភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរលើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ដែលអាចគ្របដណ្តប់ពី ១០% ទៅ ២០%។
៣-តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C និងសីតុណ្ហភាពអតិបរមា ៣០-៣២°C និងមានខ្យល់បក់ពីទិសឦសាន និងទិសខាងកើតមានកម្ពស់ ១-៣ ម៉ែត្រ/វិនាទី
ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។
ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់ពីភាគខាងត្បូង និងខាងកើតក្នុងល្បឿន ១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី ០.៥-១ម៉ែត្រ។