សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច អនុញ្ញាតឱ្យប្រើ ប្រាស់បណ្តោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ រយៈពេល ៣ថ្ងៃ
ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច អនុញ្ញាតឱ្យប្រើ ប្រាស់បណ្តោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ថាដោយមានការសម្រេចដ៏ ខ្ពង់ខ្ពស់ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់ អភវិឌ្ឍន៍កោះនរា និងតំ បន់អភិវឌ្ឍន៍កោះពេជ្រ នឹងត្រូវដាក់ឱ្យ ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

លោកឃួង ស្រេង បានបញ្ជាក់បន្ថែមថា ក្រោយផុតរយៈពេល ៣ថ្ងៃ ដែលបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ការធ្វើចរាចរណ៍ នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ក្រោយបញ្ចប់ ការដ្ឋានទាំងស្រុង អាជ្ញាធរនឹងដាក់ឱ្យប្រើប្រាស់ក្នុងក រណីអាកាសធាតុអំណោយផលល្អ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា ក្រុមហ៊ុន OCIC បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍ រវាងតំបន់ អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់ បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥ភាគរយ និងនៅសេសសល់ការងារមួយចំនួនទៀត រួមមានការងារអ៊ុតកៅស៊ូ អ៊ុតគំនូសចរាចរណ៍ ដំឡើងស្លាកសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើង លម្អខ្សែកាប្លិ៍។

កន្លងមក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានី ភ្នំពេញ បានដាក់ឱ្យដំណើរការស្រឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចម្ការមន ក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការនិងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាព ចរាចរណ៍មានភាពធូរស្រាល ប៉ុន្តែមិនអាចដោះស្រាយបានទាំងស្រុង ហើយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាច្រើន នឹងធ្វើដំណើរទៅស្រុកកំណើត។

ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅ ថ្ងៃមុខផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ សម្តេចហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ត្រឹមទម្ងន់ ៥តោន ចុះក្រោម៕
