ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍គន្លឹះ៤ចំណុច ពង្រឹងការការពារទេសចរ, ការស្តារ និងការអភិវឌ្ឍទេសចរណ៍ឱ្យកាន់តែប្រសើរឡើង
(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកនូវអនុសាសន៍គន្លឹះ ៤ចំណុចដល់គណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក នៅក្នុងកិច្ចប្រជុំរួមលើកទី៣៥ នៅកម្ពុជា សំដៅធ្វើយ៉ាងណា បន្តពង្រឹងការការពារទេសចរ, ការស្តារ និងការអភិវឌ្ឍទេសចរណ៍ ក្នុងកម្រិតតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគាំទ្រ និង លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគត និងវិបុលភាពរួម ឈរលើទស្សនវិស័យ «គិតពីទេសចរ, គិតពីសេដ្ឋកិច្ច, គិតពីអនាគត»។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវអនុសាសន៍គន្លឹះយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះនាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោក ស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
អនុសាសន៍គន្លឹះទាំង៤ចំណុចរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានដូចជា៖
ទី១៖ សន្តិភាពគឺពិតជាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមសម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពផ្តើមចេញពីសន្តិភាពនេះ។ «គ្មានសន្តិភាព គ្មានការអភិវឌ្ឍ» «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម» «គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ» «គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់» ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសន្និសីទអន្តរជាតិនេះ នឹងចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗរបស់ខ្លួន ជាមួយសមាជិកអង្គការទេសចរណ៍ពិភពលោក ក្នុងក្របខណ្ឌតំបន់ទាំងពីរក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដែលផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយលំបាកបំផុត ជាមួយនឹងក្តីសង្ឃឹម ប្រកបដោយភាពសុទិដ្ឋិនិយមទៅអនាគត។
ទី២៖ លោកបានគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេសចរណ៍ពិភពលោក ក្នុងការរៀបចរនិងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ (International Code for Protection of Tourists) ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ចុះហត្ថលេខាទទួលស្គាល់ និងគាំទ្រក្រមអន្តរជាតិនេះក្នុងនាមជាប្រទេសទី១ ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ ភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។
ទី៣៖ សូមប្រទេសសមាជិកអាស៊ីខាងកើត និងប៉ាស៊ីហ្វីក និងអាស៊ីខាងត្បូង, អង្គការទេសចរណ៍ពិភពលោក និងអង្គការអន្តរជាតិនានា បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស, ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍទេសចរណ៍តំបន់ ប្រកបដោយភាពវៃឆ្លាត ចីរភាព និងបរិយាប័ន្ន ព្រមទាំងមានសមត្ថភាពឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ ប្រកបដោយភាពធន់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត។
ទី៤៖ យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ ឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុន ប្រកបដោយចីរភាព, គុណភាព និងបរិយាប័ន្ន ។ ក្នុងន័យនេះលោកក៏បានអំពាវនាវឱ្យប្រទេសសមាជិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍនានា និង កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចពិភាក្សានៅក្នុងសន្និសីទអន្តរជាតិ និងកិច្ចប្រជុំគណៈកម្មការជំនាញទាំងពីរ នឹងអាចទាញយកនូវទស្សនទានល្អៗ និងថ្មីៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្រ្ត ផែនការ និងបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញកំណើនទេសចរណ៍ពិភពលោកបន្ថែមទៀតផងដែរ៕