ឯកឧត្តមបណ្ឌិត ថោង ខុន ៖«ព្រះអគ្គិជ័យកីឡាមានអត្ថន័យស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលជីវិតមនុស្សសត្វ»
D Channel-សៀមរាប៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានក្រាបបង្គំទូលថ្វាយ និងលើកបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា» ដែលជានិមិត្តរូបនៃកម្លាំងថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។
នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជំរាបដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូបទៀត រួមទាំងលោក Dato’ Seri Chaiyapak Siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន។
«ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទូលព្រះបង្គំ សូមក្រាបបង្គំទូលថ្វាយ ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង ២០០០ឆ្នាំ មុនគ.ស.។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណបានយកភ្លើងពីកំដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំទូលថ្វាយ និងគូសបញ្ជាក់បន្ថែម។
ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅស៊ីជម្រៅជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមបាវចនា “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព”។ ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។ ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តំណាងគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិក SEA Games ឯកឧត្តមបណ្ឌិត ថោង ខុន បានគាំទ្រ និងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីរៀបចំការប្រកួត SEA Games-ASEAN Para Games នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ ក្រោម
បាវចនា “កីឡារស់ក្នុងសន្តិភាព”។
ឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួត។ បើតាមតួលេខទទួលបានជាបឋមមានដូចតទៅ៖ ១.ប្រតិភូកីឡា ប្រ៊ុយណេ ៨២នាក់, ២.ប្រតិភូកីឡា កម្ពុជា ១៣២៣នាក់, ៣.ប្រតិភូកីឡា ឥណ្ឌូណេស៊ី ១៧៣៦នាក់, ៤.ប្រតិភូកីឡា ឡាវ ៥៨៣នាក់, ៥. ប្រតិភូកីឡា ម៉ាឡេស៊ី ១៤៤០ នាក់, ៦.ប្រតិភូកីឡា មីយ៉ាន់ម៉ា ៦៦៣ នាក់, ៧.ប្រតិភូកីឡា ហ្វីលីពីន ១១២១ នាក់, ៨. ប្រតិភូកីឡា សឹង្ហបុរី ១២៧១ នាក់, ៩. ប្រតិភូ ថៃ ១៨៥៥ នាក់, ១០. ប្រតិភូកីឡា ទីម័រខាងកើត ១៦៧ នាក់ និង ១១. ប្រតិភូកីឡា វៀតណាម ១២២៣ នាក់ (សរុបទាំងអស់ ១១ ៤៥៣ នាក់)។ តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា ការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេសគ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣៕