USB-C ដែលបំពាក់លើ iPhone ស៊េរី 15 ជាលើកដំបូង
ក្រុមហ៊ុន Apple បានប្រកាសចេញ iPhone 15 ចំនួន៤ម៉ូឌែល គឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដែលបានផ្លាស់ប្តូររន្ធសាកថ្មពី Lightning មក USB-C ជាលើកដំបូង ដូចការលើកឡើងនាពេលកន្លងមកពិតមែន។
រន្ធ USB-C គឺត្រូវបានប្រើប្រាស់ទូលំទូលាយក្នុងពិភពលោក ហើយ Apple បាននាំយកបច្ចេកវិទ្យានេះ មកដាក់លើ iPhone ស៊េរីថ្មីខាងលើដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកថ្ម ផ្ទេរទិន្នន័យ និងភ្ជាប់ជាមួយ Accessory ផ្សេងៗដូចជាកាសប្រើខ្សែជាដើម។ ជាមួយគ្នានេះ ប្រសិនបើកាស AirPod ឬ Apple Watchអស់ថ្ម គឺអ្នកអាចសាកថ្មចេញពី iPhone 15 នេះផ្ទាល់តែម្តង។
ទោះជាវាបំពាក់រន្ធនេះដូចគ្នាទាំងអស់មែន ប៉ុន្តែ iPhone 15 និង iPhone 15 Plus បំពាក់រន្ធ USB-C 2.0 ចំណែក iPhone 15 Pro និង iPhone 15 Pro Max បំពាក់រន្ធ USB-C 3.0។ ក្នុងនោះការផ្ទេរទិន្នន័យ iPhone ដែលបំពាក់រន្ធ USB-C 2.0 គឺមានល្បឿនត្រឹម 480 Mbps ប៉ុណ្ណោះ ដូចរន្ធ Lightning លើ iPhone ស៊េរីមុនដែរ។ ចំពោះរន្ធ USB-C 3.0 គឺមានល្បឿនផ្ទេរទិន្នន័យរហូតទៅដល់ 10 Gbps ឯណោះ។
ចំពោះល្បឿនសាកថ្មវិញ Apple មិនបានលម្អិតអ្វីច្រើនទេ ដោយគ្រាន់តែអះអាងថា អ្នកអាចសាកថ្ម iPhone 15 ពី ០ ដល់ ៥០% ប្រើពេល ៣០នាទី ដោយប្រើប្រាស់ឆ្នាំសាក 20W។
ការផ្លាស់ប្តូរមកដាក់រន្ធ USB-C លើ iPhone ស៊េរីថ្មីរបស់ Apple នេះ បន្ទាប់ពីសហភាពអឺរ៉ុប បានចេញច្បាប់ដែលតម្រូវឱ្យឧបករណ៍អេឡិចត្រូនិចដូចជា ស្មាតហ្វូន កុំព្យូទ័រ ថេប្លេត កាមេរ៉ា និងកាស ត្រូវបំពាក់មកជាមួយរន្ធស្តង់ដារ USB-C តែមួយដូចគ្នា នៅត្រឹមចុងឆ្នាំ២០២៤៕