ក្រសួងវប្បធម៌ ៖ បទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧
នៅពេលមានរឿងនេះបានកើតឡើង អ្នកនាង មាស សុខសោភា ក៏បានលុបបទចម្រៀងចេញពីគេហទំព័រហ្វេសប៊ុកភេច ភ្លាមៗផងដែរ តែក៏នៅមានអ្នកដែលយកទៅផុសបន្តជាច្រើននាក់ទៀតដែរ។ ដូចនេះសូមរងចាំមើលបន្ត តើអ្នកនាងនឹងមានការបកស្រាយបន្តទៀត ឬយ៉ាងណា? ដោយតាមរយៈការ សរសេរនៅលើ caption ការចម្រៀងបទនេះ គឺជាការសំនូមពររបស់លោកតាសក់សភ្នំត្បែង ប៉ុន្តែហេតុផលយ៉ាងណាពាក់ពន្ធផ្សេងៗទៀតយើងក៏មិនទាន់ដឹងច្បាស់ដែរ។
សូមបញ្ជាក់ថា, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញផ្សាយបែបនេះ បន្ទាប់ពីមាន ប្រតិកម្ម ពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សុំអោយបទចម្រៀងដែលគ្មានការស្រាវជ្រាវ ច្បាស់លាស់ពីប្រវត្តិ ភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
សូមជម្រាបថា , នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហា និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សុំអោយអ្នកចំរៀង មាស សុខសោភា លុបបទចម្រៀង ” មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ចោលទៅ។
លោក រដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ បានលើកឡើងតាម facebook ផ្លូវការថា , បទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។
លោកបន្តថា, ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយព្រះទីវង្គត់របស់ ស្តេចជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា, ខ្ញុំមិនបរិយាយទៅឆ្ងាយទេ ប៉ុន្តែ កុំបំផ្លាញប្រវត្តិសាស្ត្រ និងដួងព្រលឹងខ្មែរខ្លួនឯង។ បើអាចគឺលប់វីដេអូនេះចោលទៅ។
លោកបន្តថា , ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពប្រវត្តិសាស្ត្រ។ ពាក្យ មរណៈភាព មិនប្រើចំពោះ ព្រះមហាក្សត្រទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ ខ្ញុំមិនគាំទ្រយកព្រលឹងជាតិលេងសើចទេ។ គួរលប់ចោលទៅ លប់ឱ្យបានលឿន៕